លោក​​កឹម​​សុខា ​និង​​លោក​​សម​​រង្ស៊ី​ ទៅ​​អាមេ​រិក​ សហ​ភាព​​អឺរ៉ុប​ និង​​ជប៉ុន​ ដើម្បី​​ស្វែង​រក​​ការ​គាំទ្រ​​ PDF បោះពុម្ព អ៊ីមែល
ថ្ងៃច័ន្ទ ទី30 កក្កដា ឆ្នាំ2012 ម៉ោង08:33

ភ្នំពេញ: ប្រធាន​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម​សុខា និង​លោក​សម ​រង្ស៊ី នឹង​ចេញ​ដំណើរនា​ថ្ងៃ​ទី​៣១​កក្កដា ឆ្នាំ​២០១២ ទៅ​កាន់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​សកម្មជន​គណបក្ស​ប្រឆាំង​ទាំងពីរនៅ​ក្រៅប្រទេស ព្រមទាំង​ជួបនឹង​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​មហាអំណាច​សំខាន់ៗ​មួយចំនួន​។ គោលបំណង​នៃ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នោះ ដើម្បី​ផ្សព្វផ្សាយ​ពី​ការរួបរួម​របស់​គណ​បក្សប្រឆាំង ការកែទម្រង់ គ​.​ជ​.​ប​. និង​ស្វែងរក​អន្តរាគមន៍​ឲ្យ​លោក​សម​រង្ស៊ី បាន​វិលត្រឡប់មកកាន់​ប្រទេស​កម្ពុជា​ឡើងវិញ​។​

​ក្នុង​ពិធី​ជួបជុំ​រួម​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នា​ព្រឹក​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សិទ្ធិមនុស្ស ក្នុង​រាជធានី​ភ្នំពេញ លោក​សម ​រង្ស៊ី បាន​ប្រកាស​តាម Video Conference ពី​ក្រៅ​ប្រទេស​មក​ថា ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​ដឹកនាំ​ដោយ​លោក កឹម​សុខា និង​លោកស្រី មូរ សុខ​ហួរ នឹង​ធ្វើដំណើរចាក​ចេញពី​ភ្នំពេញ នា​ថ្ងៃ​ទី​៣១​កក្កដា ឆ្នាំ​២០១២ ដើម្បី​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​។ រូបលោក ( សមរង្ស៊ី ) ក៏​នឹង​ទៅ​កាន់​សហរដ្ឋអាមេរិក​ផងដែរ​។​

​លោក​សម​រង្ស៊ី បាន​បន្ថែមថា នៅ​អាមេរិក ក្រៅពី​ជួបនឹង​សកម្មជន អ្នកគាំទ្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ថ្នាក់ដឹកនាំ​ទាំង​ពីរ​គណបក្ស​ក៏​នឹង​ជួប​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​អាមេរិក មុន​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​មួយចំនួននៅ​សហភាព​អឺរ៉ុប និង​ជប៉ុន​។​
​អំពី​គោលបំណង​នៅ​ក្រៅប្រទេស ក្នុង​ដំណើរ​រួម​គ្នា​រវាង​មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ ក៏​ត្រូវបាន​លោក​សម​ រង្ស៊ី លើកឡើងថា ដើម្បីឲ្យ​ប្រទេស​មហាអំណាច​ទាំងនោះអន្តរាគមន៍ឲ្យមាន​ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. និង​គោលបំណង​ទី​២ គឺ​ស្វែងរក​ផ្លូវ​ឲ្យ​លោក​សម​រង្ស៊ី បាន​វិល​មក​ចូលរួម​ការបោះឆ្នោតជាតិនៅ​ឆ្នាំ​២០១៣ ខាងមុខ​។​
​មេដឹកនាំ​គណបក្សប្រឆាំង បានលើកឡើង​ពី​ការ​មិន​ឯករាជ្យក្នុង​ការរៀបចំ​ការបោះ​ឆ្នោត ដោយសារ​តែ​សមាសភាព គ​.​ជ​.​ប​. នា​ពេល​សព្វថ្ងៃជាដើម​។ ម្យ៉ាងទៀត លោក​សម ​រង្ស៊ី ក៏​ត្រូវ​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រីសម្រាប់​ការបោះឆ្នោត​ជាតិនៅ​ឆ្នាំ​២០១៣ ដូច្នេះ​ចាំបាច់ត្រូវតែ​មាន​វត្តមានរ​បស់​លោកចូលរួម​ការបោះឆ្នោត ក្នុងនាម​ជា​ប្រធាន​គណបក្ស​ថ្មី ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី​។​
លោក​សម ​រង្ស៊ី ក៏បាន​លើកឡើង​ថា សហរដ្ឋអាមេរិក មាន​ឥទ្ធិពលក្នុង​តំបន់ និង​នៅលើ​ពិភពលោក ដូច​ករណី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាដើម គឺ​វៀតណាម ត្រូវការ​អាមេរិក ដើម្បី​ទប់ទល់​ជាមួយ​ចិន ដូច្នេះ​អាមេរិកអាច​និយាយ​ជាមួយ​វៀតណាម ហើយ​វៀតណាមអាច​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ក្នុង​ការសម្របសម្រួលឲ្យរូ​បលោកដែល​ត្រូវ​តុលាការ​កម្ពុជា​កាត់ទោស​កំបាំងមុខ អាច​វិល​ត្រឡប់​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ​បាន​។​
​នៅ​មិនទាន់​មាន​ប្រតិកម្ម​បែប​ណា​ពី គ​.​ជ​.​ប​. និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការលើកឡើង​របស់​លោក​សមរង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ​៕

http://www.cen.com.kh/localnews/show_detail/19?token=M2MwODliYWI3MGZlYzg0MDk1N2JiMjUyMDEwODAw

ប្រភពពី CEN : (ថ្ងៃទី 30 កក្កដា 2012, ម៉ោង 11:35:AM) | ដោយ: រតនា

 

 

Share/Save/Bookmark
 

បន្ថែម​មតិយោបល់


កូដ​សុវត្ថិភាព
ស្រស់