|
មន្ត្រីជាន់ខ្ពស់៖រដ្ឋាភិបាលកម្ពុជាមិនដែលរារាំងលោកសមរង្ស៊ីមិនឲ្យចូលស្រុកទេ |
|
|
|
|
ថ្ងៃអង្គារ ទី31 កក្កដា ឆ្នាំ2012 ម៉ោង02:43 |
|

លោកទិត សុធា
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថាករណីលោកសមរង្ស៊ីប្រធានគណបក្សសមរង្ស៊ីដែលកំពុងនិរទេសខ្លួននៅបរទេសនោះ គឺរដ្ឋាភិបាលមិនដែលបានចេញបម្រាម ហាមមិនឲ្យលោកវិលត្រឡប់ ចូលស្រុកកំណើតឡើយ ។ក៏ប៉ុន្តែករណីរបស់មេបក្សប្រឆាំងនោះ ជាការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា និងអនុវត្តតាមអំណាចសាលដីកាតុលាការ ។
លោកទិត សុធា អនុប្រធាន និងជាអ្នកនាំពាក្យអង្គភាពព័ត៌មានប្រតិកម្មនិងរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថាការទាមទាររបស់លោកសមរង្ស៊ីដែលជាទណ្ឌិត គឺគ្មានតម្លៃសម្រាប់កម្ពុជាដែលជារដ្ឋឯករាជ្យបាន និងកំពុងតែពង្រឹងនីតិរដ្ឋនិងការគោរពច្បាប់ ។ លោកទិតសុធា បានលើកឡើងថា"យើងបានផ្តល់អាទិភាពនេះទៅលើស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យមួយនៅក្នុងការដោះស្រាយបញ្ហាទៅតាមនីតិវិធីច្បាប់ជាមួយលោកសមរង្ស៊ី។អ្វីដែលលោកសមរង្ស៊ី អះអាងថាស្វែងរកការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាតាមរយៈការគៀងគរពីបណ្តាប្រទេសផ្សេងៗនោះខ្ញុំយល់ថាបណ្តាប្រទេសទាំងនោះ គ្មានឥទ្ធិពលណាមួយ នៅក្នុងការដាក់ការគាបសង្កត់មកលើរដ្ឋាភិបាលកម្ពុជា ដែលបានគោរពត្រឹមត្រូវលើប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស និងបានកំពុងលើកស្ទួយនីតិរដ្ឋតាមរយៈការពង្រឹង និងអនុវត្តច្បាប់ឡើយ” ។ លោកទិត សុធា បានបន្តថា អ្វីដែលជាការទាមទាររបស់គណបក្សប្រឆាំង ជាពិសេសបុគ្គលលោកសម រង្ស៊ី នេះគឺហាក់បីដូចជា មិនបានដើរ ស្របទៅតាមឆន្ទៈប្រជាពលរដ្ឋទេ ពីព្រោះការធ្វើច្បាប់ ការអនុម័តច្បាប់ផ្សេងៗ មិនមែនធ្វើឡើងតម្រូវចិត្តបុគ្គលទេ ។ លោកទិតសុធាបានបន្តថាការទាមទារឲ្យមានការកែសម្រួលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយទណ្ឌិត(លោកសមរង្ស៊ី)គឺវាគ្មានតម្លៃណាមួយ យកមកពិចារណាទេ។ ក៏ប៉ុន្តែដំណើរការបោះឆ្នោតនៅកម្ពុជា កន្លងមកបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ។ លទ្ធផលជាបន្តបន្ទាប់ត្រូវបានគណបក្សប្រឆាំង ទទួលយកនៅការបោះឆ្នោតនោះ។បើសិនជាគណបក្សប្រឆាំងមិនទទួលយកគឺបានន័យថាមកដល់ពេលនេះអត់មានតំណាងរាស្ត្រឬក៏សមាសភាពសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងបំពេញតួនាទីរបស់ខ្លួនដែរ ។ចំណែកលោកជាម យៀម សមាជិកសភាមណ្ឌលខេត្តព្រៃវែងនិងជាសមាជិគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាមានមានប្រសាសនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ថាលោកសម រង្ស៊ីគឺជាទណ្ឌិតដែលត្រូវសាលក្រមតុលាការកំពូល និងតុលាការក្រុងភ្នំពេញ បានកាត់ទោសដាក់ពន្ធនាគារជាង១០ឆ្នាំឯណោះ ។ គាត់នៅមិនទាន់ចូលមកអនុវត្តតាមសាលដីកានៃតុលការកម្ពុជានៅឡើយទេ ។ លោកជាម យៀប បានបន្តថា"រាល់ការបង្កើតចលនាសមាគមអីក៏ដោយ ត្រូវតែគោរពតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញបើមិនអីចឹងទេអត់បានទេ ។ ខ្ញុំសូមជំរាបថារឿងលោកសម រង្ស៊ី ចូលស្រុកវិញជាសិទ្ធិរបស់គាត់ ហើយបើសមរង្ស៊ី ចិត្តសឿងស្នេហាជាតិពិត ចូលមកអត់មានអ្នកណាណាឃាត់ឃាំងគាត់ទេឥឡូវនេះ ។ ប៉ុន្តែចូលមកសម រង្ស៊ី ត្រូវគោរពអនុវត្តតាមសាលដីកា” ។ លោកជាម យៀប បានបន្តថាបច្ចុប្បន្នគណបក្សសមរង្ស៊ីមានសមជិកនៅក្នុង គ.ជ.ប ដែរ ហើយការចោទប្រកាន់ របស់គណបក្សប្រឆាំងថាគ.ជ.បមិនឯករាជ្យជាដើមនោះគឺជាវប្បធម៌របស់គណបក្សប្រឆាំងសមរង្ស៊ីនិងកឹមសុខា។និយាយឲ្យចំ គឺជាវប្បធម៌របស់ពួកអ្នកចាញ់ តែងតែរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើពហិការ ដើម្បីមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ។ សព្វថ្ងៃនេះគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាច គឺជាអ្នកទទួលខុសត្រូវចំពោះជោគវាសនាអនាគតជាតិមាតុភូមិចំពោះប្រវត្តិសាស្ត្រ ហើយហានទទួលខុសត្រូវគ្រប់បែបយ៉ាងទាំងអស់និងការពារមាតុភូមិកម្ពុជាមិនឲ្យបាត់បង់ប៉ិនគ្រាប់ខ្សាច់ទៅប្រទេសណាទេ ដែលជាប្រទេសជិតខាងនៅជុំវិញនោះ ។
លោកជាមយៀប បានមានប្រសាសន៍បន្តថាដំណើររៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិ គ.ជ.ប. គឺការរៀបចំការបោះឆ្នោតកន្លងមក ត្រូវបានអន្តរជាតិទទួលស្គាល់នៃលទ្ធផលបោះឆ្នោត។ គណបក្សប្រឆាំង ត្រូវបង្ហាញថាតើកន្លែងត្រង់ណាដែលគ.ជ.បធ្វើខុសនោះ? ព្រោះនៅពេលបោះឆ្នោតសុទ្ធតែមានអ្នកសង្កេតការណ៍ជាតិ-អន្តរ ជាតិ អ្នកសង្កេតការណ៍ ជាអង្គទូត ប្រចាំនៅកម្ពុជា និងតំណាងគ្រប់គណបក្សនយោបាយចូលរួម ។ ទាក់ទងនឹងការបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មុននឹងឈានទៅបង្កើតគណបក្សនយោបាយនាពេលខាងមុខនោះ ត្រូវបានលោក ជាម យៀប មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនបញ្ជាក់ថាគ្មានអីដែលគណបក្សប្រជាជនត្រូវភ័យខ្លាចចំពោះចលនានេះទេ តែសុំឲ្យគោរពច្បាប់រដ្ឋធម្មនុញ្ញកុំបំពានច្បាប់ ។ លោកជាម យៀប បានមានប្រសាសនថា "គណបក្សទាំងពីរ (សមរង្ស៊ីនិងគណបក្សសិទ្ធមនុស្ស) ចង់ធ្វើអីបង្កើតអី ត្រូវតែមានច្បាប់អនុញ្ញាត ពីរាជរដ្ឋាភិបាល ដើម្បីឲ្យចលនា ឬសមាគមនោះ ឲ្យស្របតាមច្បាប់ ។ រីឯការរួបរួមរវាងគណបក្សទាំងពីរ ហើយគេថាគណបក្សប្រជាជនខ្លាចសព្វបែបយ៉ាងទាំងអស់នោះគឺយើងខ្ញុំសូមជំរាបថាយើងខ្ញុំអត់ញ័រទេ។ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំប្រជាជនកម្ពុជាមួយរូបសូមធានាអះអាងថា មិនមែន២គណបក្សទេ សូម្បីគណបក្ស៤ឬ១០និង២០គណបក្សបង្កើតរួមគ្នាចុះដើម្បីតទល់ជាមួយគណបក្សប្រជាជនកម្ពុជា គឺយើងខ្ញុំប្រៀបដូចជាពាក្យថា"កង្កែប ក៏ប្រឹង ពស់ក៏ប្រឹងលេប" ដែរ។ អីចឹងជាធម្មតាទេ និងជាសិទ្ធិរបស់គេ។ ក៏ប៉ន្តែឲ្យខ្ញុំខ្លាចអ្នកឯងឬយ៉ាងណាយ៉ាងណានោះ សូមជំរាបថាគ្មានខ្លាចរអែង ឬញ័រចំពោះការបង្រួបបង្រួមនោះទេ" ។ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាយ៉ាងដូច្នេះធ្វើឡើងជាប្រតិកម្មតបទៅនឹងការលើកឡើងរបស់លោកសមរង្ស៊ីនិងលោកកឹមសុខា កាលពីព្រឹកថ្ងៃទី៣០កក្កដា ឆ្នាំ២០១២។លោកសមរង្ស៊ីបានឲ្យដឹងថាលោកនិងលោកកឹមសុខា នឹងដឹកនាំគណៈប្រតិភូគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សក្នុងនាមសម្ព័ន្ធភាពគណបក្សប្រឆាំងដែលបានរួបរួម ជាចលនាអ្នកប្រជាធិបតេយ្យសង្គ្រោះជាតិ មុននឹងឈានទៅបង្កើតគណបក្សតែមួយរវាងសមរង្ស៊ីនិងសិទ្ធិមនុស្ស ទៅកាន់សហរដ្ឋអាមេរិកនៅដើមខែសីហានេះ ។ដំណើរទៅកាន់អាមេរិកសហភាពអឺរ៉ុបនិងប្រទេសជប៉ុនជាដើមនោះដើម្បីស្វែងរកអន្តរាគមន៍ពីប្រទេសមហាអំណាចឲ្យមានការដាក់គំនៀបមកកាន់រដ្ឋាភិបាលកម្ពុជាឲ្យកែទម្រង់ គ.ជ.ប និងជំរុញឲ្យលោកសមរង្ស៊ី ដែលត្រូវតុលាការផ្តន្ទាទោសកំបាំងមុខដាក់ពន្ធនាគារជាង១០ឆ្នាំបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមការបោះឆ្នោតជាតិនាថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ។ លោកសមរង្ស៊ី ក្នុងនាមជាប្រធានគណបក្សរួបរួមរវាងគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សត្រូវឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៥ ដើម្បីប្រជែងការបោះឆ្នោតជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា ៕
http://www.everyday.com.kh/viewnews.php?type=mlocalnews&id=2719
|