លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី បានឆ្លៀតជួបពិភាក្សាទល់មុខក្នុងចន្លោះកិច្ចប្រជុំសភាពេញអង្គ នាថ្ងៃបើកបវេសនកាលថ្ងៃទី១តុលានេះ។ ពោលគឺអ្នកនយោបាយទាំងពីរ បានចេញជួបគ្នានៅម៉ោង ៩ព្រឹក ហើយការជួបទល់មុខនេះបន្តដល់ម៉ោងប្រមាណជា១០ព្រឹក។ លោកសម រង្ស៊ីបានប្រាប់អ្នកសារព័ត៌មានដែលនៅស្ទាក់សួរក្រោយកិច្ចជំនួប នោះថា លោកបានលើកឡើងពីស្ថានការណ៍នយោបាយទូទៅធ្វើយ៉ាងណាឱ្យស្ថាប័នរដ្ឋ សភាដំណើរការទៅដោយរលូន។
ចំណែកឯ ការចាប់ខ្លួនយុវជនម្នាក់ទៀតរបស់គណបក្សសង្គ្រោះជាតិកាលពីពេលថ្មី នោះ ក៏បានពិភាក្សាគ្នាដែរ។ ក្រៅពីនោះ ប្រធានបទក្តីបារម្ភព្រួយរបស់ពលរដ្ឋរឿងបញ្ជូនជនភៀសខ្លួនពី អូស្ត្រាលីក៏ត្រូវបានលើកឡើងផងដែរ។ នេះជាការបញ្ជាក់ពីលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ដោយឡែកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មាននោះទេ។
ការជួបប្រជុំគ្នារវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនេះ គឺ ខណៈដែលសកម្មជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងបាតុកម្មនានាដែលមានសមាជិកគណបក្សសង្គ្រោះជាតិបាន ចូលរួម។ លោកសម រង្ស៊ីធ្លាប់បានបញ្ជាក់កន្លងទៅថា ល្គឹកណានៅតែមានការចាប់ខ្លួនសកម្មជនរបស់គណបក្សសង្គ្រោះជាតិទៀត នោះ ជម្លោះនយោបាយនៅកម្ពុជានៅមិនទាន់បានបិទបញ្ចប់នោះទេ។
ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិ ជាខេមរភាសារចេញផ្សាយថ្ងៃទី០២ តុលា ព្រឹកនះ។