យោងតាមសេចក្តីប្រកាសព័ត៌មានពីពេលកន្លងទៅដោយ គ.ជ.ប ការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា នេះតទៅហើយ។
ទាក់ទិននឹងការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ នេះ កាលពីពេលកន្លងទៅ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) បានដាក់ការស្នើឱ្យរដ្ឋសភាលើកសំណើទៅ គ.ជ.ប ដើម្បីផ្អាកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ ឆ្នាំ២០១៤នេះ រហូតដល់មានច្បាប់ បទបញ្ជា និងនីតិវិធីចុះឈ្មោះបោះឆ្នោត និងការបង្កើតបញ្ជីឈ្មោះបោះឆ្នោតថ្មីត្រូវបានប្រកាសឱ្យប្រើប្រាស់។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានលើកឡើងផងដែរថា ដោយពិនិត្យឃើញឆន្ទៈនយោបាយរបស់គណបក្សដែលទទួលបានអាសនៈក្នុងរដ្ឋសភា នីតិកាលទី៥នេះ ព្រមព្រៀងបង្កើត“បញ្ជីបោះឆ្នោតថ្មីមួយ” ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។ ម្យ៉ាងវិញទៀត ដើម្បីកុំឱ្យចំណាយថវិកាជាតិ ព្រោះថាចំណាយក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំដែលមិនមានការបោះឆ្នោត ប្រមាណជាងមួយ(១)លានដុល្លារសហរដ្ឋអាមេរិក។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ក៏សូមអំពាវនាវឱ្យក្រុមការងារគណៈកម្មការចម្រុះនៃគណបក្សទាំងពីរ បន្តពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត ជាពិសេសជំពូកស្តីពីការចុះឈ្មោះអ្នកបោះ ឆ្នោត និងបញ្ជីបោះឆ្នោត ដោយផ្តោតសំខាន់លើការប្តូរមន្រ្តីទទួលបន្ទុកការពិនិត្យឈ្មោះ និងចុះឈ្មោះបោះ ឆ្នោត ដោយកំណត់ឱ្យ គ.ជ.ប ជាស្ថាប័នតែមួយជំនួសក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ទទួលខុសត្រូវធ្វើការចុះឈ្មោះអ្នកបោះឆ្នោតថ្មីមួយ ដើម្បីធានាគុណភាពបញ្ជីឈ្មោះបោះឆ្នោត និងសិទ្ធិអ្នកបោះឆ្នោត។