ត្រឡប់ក្រោយ

អ្នក​ការ​សែត​ម្នាក់​ត្រូវ​បាន​បាញ់សម្លាប់​នៅខេត្តក្រចេះ​

លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូង ខេត្តក្រចេះ បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ បន្ទាប់ពីពួកគេមានការជាប់ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់អ្នក សារព័ត៌មានឈ្មោះ តាំង ទ្រី កាល​ពី​យប់​ម្សិល​មិញ ដែលបច្ចុប្បន្នពួកគេនៅកំពុងសាកសួរនៅឡើយ។

លោក តាំង ទ្រី អ្នកសារព័ត៌មានឲ្យសមាគមប្រជាធិបតេយ្យខ្មែរ ត្រូវបានគេបាញ់សម្លាប់ កាលពីយប់ម្សិលមិញ នៅក្នុង ស្រុកស្នួល ខេត្តក្រចេះ ហើយករណីនេះសង្ស័យថា ជារឿងគំនុំ។

លោក សុខ សុវណ្ណ ប្រធានសមាគមប្រជាធិបតេយ្យខ្មែរ បានបញ្ជាក់កាលពីម្សិលមិញថា លោក តាំង ទ្រី គឺជាអ្នកយកព័ត៌មានរបស់សមាគម ហើយការបាញ់សម្លាប់លោក ទ្រី អាចពាក់ព័ន្ធនឹងរឿងគំនុំរវាងលោក តាំង ទ្រី និងនគរបាល ឬកងរាជ​អាវុធ​ហត្ថ​ដែល​កាប់​ឈើខុសច្បាប់។ លោក សុវណ្ណ បានបន្ថែមថា ក្នុងហេតុការណ៍មួយកាលពីយប់ម្សិលមិញ មានអ្នកយកព័ត៌មាន ៨ នាក់ បើករថយន្ត ៣ គ្រឿងទៅទីតាំងមួយ ដែលរទេះគោចំនួន ២៣ បានដឹកជញ្ជូនឈើនៅពេលនោះ។ អ្នក​សារ​ព័ត៌​មាន​ទាំង​នោះបា​នជួបម្ចាស់ឈើឈ្មោះ ហៀង ដែលជាមន្រ្តីនគរបាលនៅ ឃុំស្រែឈូក ស្រុកកែសីមា ខេត្តមណ្ឌលគិរី ដែលនៅជាប់ព្រំប្រទល់ ស្រុកស្នួល ហើយពេលនោះ អ្នកសារព័ត៌មានទាំងនោះបានបែរក្រោយវិញ បន្ទាប់ពីលោក ឈុន ឃឿន អធិការរង ស្រុកស្នួល ដែលធ្វើអាជីវកម្មកាប់ឈើខុសច្បាប់ជាមួយនឹងលោក ហៀង បានទូរស័ព្ទហៅពួកគេមកវិញ។

លោក សុខ សុវណ្ណ បានបន្តថា៖ «មន្រ្តីនគរបាលនៅ ឃុំស្រែឈូក ស្រុកកែវសីមា ឈ្មោះ ហៀង ដែលបានបាញ់កាំភ្លើងគឺជាឈ្មួញឈើ។ កន្លងមក មានតែសមត្ថកិច្ចទេ ដែលជាឈ្មួញឈើ ព្រោះមនុស្សធម្មតាមិនហ៊ានធ្វើអាជីវកម្មឈើទេ»។លោក​បាន​បន្ថែម​ថា សមាគមរង់ចាំមើលវិធានការរបស់សមត្ថកិច្ចថា តើសមត្ថកិច្ចចាត់វិធានការប្រឆាំងនឹងជនល្មើស ឬអត់ដោយអះអាងថា ករណីនេះមាន ភ័ស្តុតាងគ្រប់គ្រាន់ ហើយសាក្សីសម្រាប់សមត្ថកិច្ចស្វែងរកជនល្មើស។

លោក សុវណ្ណ បានអះអាងថា អ្នកបាញ់លោក តាំង ទ្រី គឺជាអ្នកបើកបររថយន្ត Lexus 470 ខណៈរថយន្តលោក តាំង ទ្រី ជាប់ផុងហើយបន្ទាប់ពីបាញ់សម្លាប់រួច ជនល្មើសបានបើកចេញទៅ ប៉ុន្តែរថយន្ត Lexus 470 របស់គាត់បានក្រឡាប់ ហើយ​ជន​ល្មើស​បាន​ចេញពីរថយន្ត ហើយរត់គេចខ្លួនបាត់។

លោក សុវណ្ណ បានបន្តថា មុនពេលបាញ់លោក តាំង ទ្រី បានចូលក្នុងរថយន្តជាមួយនឹងអ្នកសារព័ត៌មាន សាន សិទ្ធ ប៉ុន្តែ លោក សិទ្ធ បានចាកចេញមុន ខណៈរថយន្តរបស់លោក ទ្រី ជាប់ផុង។ លោក សុវណ្ណ បានបន្តថា រថយន្ត និង​លេខ​ទូរស័ព្ទ​ហៅ​មក​អ្នក​សារព័ត៌មាន និងអ្នកសារព័ត៌មានដទៃទៀត ដែលធ្វើដំណើរជាមួយនឹងលោក ទ្រី គឺជាភ័ស្តុតាងរឹងមាំដើម្បីចាប់ខ្លួនជនល្មើស។

ប៉ុន្តែមន្រ្តីនគរបាល ស្រុកស្នួល ដែលបដិសេធមិនបញ្ចេញឈ្មោះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ករណីបាញ់អ្នកសារព័ត៌មាន គឺដោយសារគំនុំហើយបានលេចធ្លាយថា នគរបាលបានស្គាល់ជនសង្ស័យដែលបាញ់លោក តាំង ទ្រី ហើយ ដោយ​អះ​អាង​ថា អ្នកបាញ់មិនមែនជានគរបាលទេ ប៉ុន្តែ គឺជាកងរាជអាវុធហត្ថក្នុង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពអត្ថបទពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃទី១៣ តុលានេះ។

អ្នកការសែតដែលត្រូវគេបាញ់ (រូបថតពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា