ប្រតិភូសមាជិករដ្ឋសភា៦រូបដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស នឹងចូលរួមក្នុងមហាសន្និបាតសហភាពអន្តរសភា IPU នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៧ តុលានេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា សភាកម្ពុជាគ្រោងដាក់បញ្ចូលបេក្ខភាព លោកស្រី ជូឡុង សូមួរ៉ា ដែលជាអនុប្រធានគណៈកម្មការកិច្ចការបរទេស ឲ្យឈរឈ្មោះជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទី២នៃអង្គការ IPU និង បញ្ចូលបេក្ខ ភាពលោក ហ៊ុន ម៉ានី ដែលជាសមាជិកគណៈកម្មការកិច្ចការបរទេសកម្ពុជា ឲ្យឈរឈ្មោះជាសមាជិកនៃវេទិកាសមាជិកសភាវ័យក្មេងនៃអង្គការ IPU។
ប្រតិភូរដ្ឋសភាកម្ពុជាដែលត្រូវចេញដំណើរទៅទីក្រុងហ្សឺណែវនោះ រួមមានលោក ឈាង វុន លោកស្រី ជូឡុង សូមួរ៉ា លោក ហ៊ុន ម៉ានី លោក គី វណ្ណដារ៉ា លោកស្រី បាន ស្រីមុំ និងលោកស្រី ឡោក ខេង។
នៅក្នុងរយៈពេល១០ថ្ងៃនៃកិច្ចប្រជុំនោះ ប្រតិភូរដ្ឋសភាកម្ពុជានឹងចូលរួមពិភាក្សារបៀបវារៈចំនួន១២ ដែលមានដូចជា កិច្ចប្រជុំ អាស៊ានបូកបី កិច្ចប្រជុំអាស៊ី ប៉ាស៊ីហ្វិក កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី១ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ វេទិកាសមាជិកសភាវ័យក្មេងជាដើម។
រដ្ឋសភាកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិជាផ្លូវការក្នុងអង្គការ សហភាពអន្តរសភា នៅក្នុងខែមេសាឆ្នាំ១៩៩៧ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ប្រភពអត្ថបទពីសារព័ត៌មានថ្មីៗចេញផ្សាយថ្ងៃ០៦ តុលា។