លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា បានអះអាងថា លោកនឹងអនុញ្ញាតឲ្យក្រុមយុវជននិងអ្នកតវ៉ាប្រឆាំងនឹងជនភៀសខ្លួន អូស្ត្រាលី ចូលជួបពិភាក្សា នៅព្រឹកថ្ងៃអង្គារទី២១តុលា ខាងមុខនេះ។ ការបញ្ជាក់យ៉ាងដូច្នេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពី សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចេញសេចក្តីការណ៍ថ្កោលតំណាងរាស្ត្រ ទាំង១២៣រូប ថាបានអង្គុយនៅក្នុងវិមានរដ្ឋសភា មានផាសុកភាព មានម៉ាស៊ីនត្រជាក់ ភ្លេចអស់សុខទុក្ខរាស្ត្រដែលតវ៉ានៅហាលកម្តៅថ្ងៃ។
គួររម្លឹកថា កិច្ចព្រមព្រៀងលើអនុស្សារណៈនៃការយោគយល់គ្នា(MOU) បញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៦កញ្ញាឆ្នាំ២០១៤រវាងលោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកស្កុតម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីអន្តោប្រវេសន៍និងកិច្ចការពារព្រំដែនអូស្ត្រាលី។
នៅក្នុងកិច្ចប្រជុំអាស៊ាន អឺរ៉ុប នៅក្រុងមីឡង់ ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៦និងទី១៧តុលាកន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែននិងប្រមុខការបរទេសអូស្ត្រាលីលោក ស្រីជូលីប៊ីសប់ ក៏បានស្កាត់ជួបគ្នាជាទ្វេភាគី ហើយបានឯកភាពគ្នា លើរឿងជនភៀសខ្លួនអូស្ត្រាលីនេះផងដែរ។
ប្រភពពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសា។