អង្គការតម្លាភាពកម្ពុជា(TI) ជំរុញឲ្យរដ្ឋាភិបាលធ្វើច្បាប់ការពារសាក្សី និងផ្ដល់ព័ត៌មានទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយ ដើម្បីជួយពង្រឹងច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ឲ្យកាន់តែមានប្រសិទ្ធភាព ។ ការលើកឡើងនេះធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មានក្នុងការចូលរួមចំណែកលើកស្ទួយអភិបាលកិច្ចល្អ និងប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃចន្ទ ទី២៦ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល មានប្រសាសន៍ថា ដើម្បីជួយសម្រួលឲ្យការប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា កាន់តែមានប្រសិទ្ធភាព លោកជំរុញឲ្យរដ្ឋាភិបាល កែប្រែ និងអនុម័តច្បាប់មួយចំនួនដូចជា កែទម្រង់ប្រព័ន្ធតុលាការ អនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន វិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមួយចំនួន។ លោកបន្តថា ការអនុម័តច្បាប់ស្តីពីការការពារអ្នករាយការណ៍ ឬសាក្សី ធ្វើយ៉ាងណាកុំឲ្យមានបញ្ហាដល់ពួកគេ បន្ទាប់ពីរាយការណ៍ករណីពុករលួយ ។ លោកបញ្ជាក់ថា «ព្រោះយើងចង់ឃើញច្បាប់ហ្នឹងដើម្បីលើកទឹកចិត្តឲអ្នករាយការណ៍គាត់មានភាពកក់ក្តៅ គាត់មានការចូលរួមសហការដោយមិនមានការភ័យខ្លាច ហើយក្នុងការប្រឆាំងអំពើពុករលួយ អ្វីដែលយើងទទួលបានលទ្ធផលច្រើននោះគឺបានមកពីការរាយការណ៍នេះឯង» ។
លោកព្រាប កុល បន្ថែមថា រដ្ឋាភិបាលគួរតែមានច្បាប់ស្តីពីការកំណត់ចំនួនអំណោយ ដែលបច្ចុប្បន្នគេមើលឃើញថា នៅពេលមានពិធីមង្គលការកូនអ្នកធំ អ្នកមានអំណាច តែងតែមានការចងដៃច្រើនហួសកំណត់ ពេលខ្លះដើម្បីអាចដូរជាមួយនឹងការងារ មុខតំណែង ឬបើកមុខជំនួញអ្វីមួយ ដែលកត្តានេះ នាំឲ្យមានអំពើពុករលួយកើតឡើង។