លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានប្រកាសនៅក្នុងការបើកមហាសន្និបាតវិសាមញ្ញនេះ ថាគណបក្សរបស់ខ្លួននឹងធ្វើកំណែទម្រង់បន្ថែមទៀត ដើម្បីរក្សាសំឡេងគាំទ្រ និងបង្កើនសំឡេងគាំទ្រពីប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។
នៅក្នុងការបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅរសៀលថ្ងៃសុក្រនេះ លោក ហេង សំរិន បានឡើងថ្លែងតាមសុន្ទរកថាគណបក្សប្រជាជនកម្ពុជាបានធ្លាក់សំឡេងគាំទ្រ២២អាសនៈ ហើយគណបក្សប្រឆាំងបានទទួលសំឡេងគាំទ្រទាំងនេះ រហូតបាន៥៥អាសនៈ ដែលកត្តានេះគណបក្សប្រជាជនកម្ពុជាត្រូវតែគិតពិចារណាឲ្យបានស៊ីជម្រៅ។ លោកបន្តថាបញ្ហាជាច្រើនដែលគណបក្សប្រជាជនកម្ពុជាត្រូវតែដោះស្រាយ ដែលក្នុងនោះមានកំណែទម្រង់ និងការកែប្រែកម្មវិធីនយោបាយរបស់គណបក្ស ។
លោក ហេង សំរិន ថ្លែងឲ្យដឹងទៀតថាការកែទម្រង់ជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សនឹងធ្វើកំណែទម្រង់ឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា«តាមស្មារតីនេះ អង្គមហាសន្និបាតរបស់យើងលើកនេះ មានប្រធានបទសំខាន់ គឺការកែទម្រង់ គឺជាអាយុជីវិត និងភារកិច្ចរបស់គណបក្សប្រជាជនកម្ពុជាយើង»។
លោក ហេង សំរិន ឲ្យដឹងទៀតថាគណបក្សប្រជាជនកម្ពុជានៅតែទទួលសំឡេងភាគច្រើនដាច់ខាតក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ប៉ុន្តែគណបក្សសង្រ្គោះជាតិបានបង្កភាពវឹកវរ និងចលាចល ដោយចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ លោកបន្តថាក្នុងមហាសន្និបាតវិសាមញ្ញានេះ នឹងមានការបោះឆ្នោតបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន អនុម័តរបាយការណ៍ស្តីពីសភាពការណ៍នៅឆ្នាំ២០១៣-២០១៨ ដាក់ទិសដៅរបស់គណបក្សនៅរយៈពេលបន្ត និងស្តាប់របាយការណ៍ស្តីពីកំណែទម្រង់នៃការបោះឆ្នោត។