លោក ហោ ណាំហុង ព្រមានប្ដឹងមនុស្សជំនិតរបស់លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍

ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង បាន​ព្រមាន​ប្ដឹង​មនុស្ស​ជំនិត​របស់ លោក សម រង្ស៊ី ម្នាក់​ដែល​បាន​បរិហារ​កេរ្តិ៍​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា មនុស្ស​ជំនិត​នោះ​ជា​នរណា​ច្បាស់​លាស់​នោះ​ទេ។លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អះអាង​ថា មេធាវី​របស់​លោក​នឹង​ធ្វើ​ការ​ជាមួយ​តុលាការ អំពី​ផែន​ការ​ប្ដឹង​មនុស្ស​ជំនិត​របស់ លោក សម រង្ស៊ី ម្នាក់​ទៀត កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​បរិហារ​កេរ្តិ៍​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា លោក​នឹង​មិន​លូក​ដៃ​អ្វី​ទាំងអស់ ទុក​ឲ្យ​មេធាវី​របស់​លោក​ធ្វើ​ការ​ជាមួយ​តុលាការ ដើម្បី​ចាត់​ការ​ករណី​នេះ។ លោក ហោ ណាំហុង ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ បន្ទាប់​ពី​លោក​បាន​ជួប​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក វីលៀម ហេដថ៍ (William A. Heidt) កាលពី​ថ្ងៃ​ច័ន្ទ ទី​៧ ធ្នូ នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា