ត្រឡប់ក្រោយ

អ្នកនាំពាក្យគណបក្សប្រជាជនថាច្បាប់កំណត់សញ្ជាតិតែមួយមិនផ្ទុយពីរដ្ឋធម្មនុញ្ញនោះទេ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រ​ជា​ជន ​កម្ពុជា​អះអាងថា​​ការ​បង្កើត​ច្បាប់កំណត់​ឲ្យ​​ប្រ​ធាន​គណបក្ស​នយោបាយ​ ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​នោះ គឺ​ស្រប​ទៅ​​នឹង​រដ្ឋ​ធម្មនុញ្ញ ​ ដោយ​ចាត់ទុក​ថា​ច្បាប់នេះ​នឹង​ធ្វើ​ឲ្យ​​ឥស្សរជន​នយោ​បាយ​​មាន​​ឧត្តម​គតិ​ បម្រើ​ជាតិ​ពេញលេញ។កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ២០១៥ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន បាន​ស្នើ​ឲ្យ​មានការធ្វើវិសោធនកម្ម​ច្បាប់ស្តីពីគណ​ប​ក្ស​នយោបាយដោយ​ចែង​ថា​ ប្រធានគណបក្ស​ត្រូវមានសញ្ជាតិ​តែ​មួយ​ប៉ុណ្ណោះ។​ លោក​បានថ្លែង​ថា៖ ខាងផ្នែកគណបក្ស ​ប្រជាជនកំពុង​តែ​គិត​គូ​ដោយ​សារ​យើង​មានច្បាប់​មួយ​រួច​ទៅ​ហើយ​ ប្រធាន​និងសមាជិកគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ ត្រូវ​តែ​ជា​សញ្ជាតិ​ខ្មែរ ដូច្នេះពេល​ខាងមុខ ច្បាប់ស្តីពី​បក្សនយោបាយ ចាំបាច់ត្រូវកំណត់​ប្រធានបក្ស​នយោបាយ ត្រូវ​ជា​សញ្ជាតិខ្មែរ តែ​មួយ​ទេ ដើម្បីចៀសវាងមានរឿងអីកាន់ប៉ាស្ព័របរទេស​រត់ ហើយ​បរទេស​មក​អន្តរាគមន៍”។អ្នកនាំពាក្យ​គណបក្ស​ប្រ​ជាជន​កម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា​ប្រ​ទេសជាច្រើន​លើ​សកល​លោក​មាន​ច្បាប់​កំណត់​ឲ្យ​ប្រ​ធាន​គណបក្ស​មាន​សញ្ជាតិ​តែមួយ ហើយ​លោក​ចាត់ទុក​ថា​ការ​កំណត់​នេះ​មិនផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញរ​បស់​កម្ពុជា ​នោះទេ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា