មេដឹកនាំគណបក្សប្រឆាំង កាលពីថ្ងៃអាទិត្យនេះ បានផ្ញើសារនយោបាយថា បើចង់ឈ្នះការបោះឆ្នោត បានកាន់អំណាចនាពេលខាងមុខ ត្រូវធ្វើអ្វីៗទាំងអស់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ក្នុងពិធីចុះជួបសកម្មជន និងពលរដ្ឋនៅ នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា បើគណបក្សនយោបាយណា ចង់ឈ្នះការបោះឆ្នោត ត្រូវរៀបចំមូលដ្ឋានគ្រឹះឲ្យបានរឹងមាំ និងចាប់ផ្តើមធ្វើសកម្មភាព បំរើប្រជាពលរដ្ឋឲ្យស្របតាមតម្រូវការរបស់ពលរដ្ឋ នោះលោកថា គណបក្សនោះនឹងទទួលបានជោគជ័យ។ លោកថា៖“កុំ តាំងខ្លួនឯងពូកែជាងប្រជាពលរដ្ឋ កុំទៅបញ្ជាប្រជាពលរដ្ឋឲ្យទៅធ្វើអ្វីតាមចិត្តខ្លួន ខ្លួនត្រូវធ្វើអីតាមចិត្តរបស់ប្រជាពលរដ្ឋទៅ ហ្នឹងហើយឈ្នះ”។លោក កឹម សុខា ថ្លែងទាំងមិនបញ្ចេញឈ្មោះ តែទំនងជាចំអកទៅគណបក្សប្រជាជនកម្ពុជា ដោយលោកថា កន្លងទៅមានគណបក្សផ្សេងមិនបានធ្វើអ្វីឲ្យស្របតាមចិត្តរបស់ ប្រជាពលរដ្ឋទេ ទើបថយចុះសំឡេងគាំទ្រខ្លះ កាលពីអាណត្តិទី៥។