សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងព្រហស្បតិ៍នេះ បានសម្រេចថា ពាក្យបណ្តឹងរបស់យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ប្រឆាំងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពីបទធ្វើឲ្យបាត់ដែនដីកោះមួយចំនួន ទៅលើប្រទេសវៀតណាមនោះ មិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់បានទេ។
បន្ទាប់ពីចូលបំភ្លឺតាមដីការបស់ ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ លោក នាង សុឃុន ជាម្ចាស់បណ្តឹង ថ្លែងទៅអ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញថា បើទោះជាតុលាការចាត់បណ្តឹងនេះមិន មានភ័ស្តុតាងគ្រប់គ្រាន់ តែលោកមានជំនឿចិត្តថា ជនល្មើសនឹងត្រូវផ្តនា្ទ ទោសតាមច្បាប់ ហើយកោះត្រល់ និងកោះក្រចកសេះ នឹងត្រូវប្រគល់មកកម្ពុជា តាមរយៈយន្តការអន្តរជាតិ។ លោក នាង សុឃុន ឲ្យដឹងទៀតថា នៅថ្ងៃទី ៧ ខែមិនា លោក នឹងយកភ័ស្តុតាងបន្ថែមទៀតដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យតុលាការពន្លឿននូវពាក្យបណ្តឹងរបស់ខ្លួន។
យោងតាមគេហទំព័រវីអូឌីដែលបានចេញផ្សាយថ្ងៃ២៧ កុម្ភះនេះ ពាក់ព័ន្ធអ្នកស្រាវជ្រាវបញ្ហាព្រំដែនសមុទ្រ លោក ហុង សុខហូ ឲ្យដឹងថា នៅខែមករា ឆ្នាំ១៩៣៩ លោក Previe(ប្រេវីយេ) មានលិខិតពីរផ្នែក ដែលផ្នែកទី១ សរសេរថា កោះទាំងឡាយដែលនៅខាងត្បូងបន្ទាត់ប្រេវីយេ ១៤០ អង្សារ គឺនៅក្រោមការត្រួតត្រារដ្ឋបាលរបស់កូសាំងស៊ីន ជំនាន់នោះ ។ ចំណែកផ្នែកទី២ សរសេរថា កោះត្រល់ជាកោះរបស់ខ្មែរ នៅតែជាកោះរបស់ខ្មែរដដែល ដោយគេបានប្រើពាក្យថា អនិស្សរៈភាព ដែលផ្ទុយអំពីពាក្យឯករាជ្យភាព។
គេហទំព័រដដែលនេះបានបន្តទៀតថា លោក ហុង សុខហូ ឲ្យដឹងថា កោះត្រល់ ត្រូវបានលោក ហ៊ុន សែន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ចុះហត្ថលេខាលើសន្ធិសញ្ញា ឆ្នាំ១៩៨២ ឲ្យទៅវៀតណាម ដែលគ្រានោះកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម ដូច្នេះការបាត់កោះនេះ គឺស្ថិតក្រោមគំនាបនយោបាយ។ លោកចាត់ទុកថា សន្ធិសញ្ញានៅឆ្នាំ១៩៨២នោះ សន្ធិសញ្ញាមិនស្របច្បាប់ ប៉ុន្តែផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែម នៅឆ្នាំ២០០៥ បានធ្វើឲ្យសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២នោះ ក៏ដូចជាសន្ធិសញ្ញាឆ្នាំ១៩៧៩ និងឆ្នាំ១៩៨៥ ទៅជាស្របច្បាប់វិញ។
លោក នាង សុឃុន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ (រូបថត៖ តាត ឧត្តម)