ត្រឡប់ក្រោយ

រដ្ឋ​សភាគ្រោង​នឹង​ដាក់​សេចក្តី​ព្រាង​ច្បាប់​ទាក់ទងនិ​ងប្រព័ន្ធ​តុលាការ​ ក្នុង​កិច្ច​ប្រជុំគ​ណៈអចិន្ត្រៃយ៍​នា​ថ្ងៃទី២៩​ មេសា​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខារួចហើយ លើសេចក្តីព្រាងច្បាប់ចំនួនបីដែលគេរង់ចាំយ៉ាងយូរសម្រាប់ការ កែទម្រង់ប្រពន្ធ័យុត្តិធម៌។ ក៏ប៉ុន្តែសេចក្តីព្រាងច្បាប់ទាំងនោះ នៅមិនទាន់បញ្ជូនទៅកាន់រដ្ឋសភាជាតិ ដើម្បី​ពិនិត្យនិងអនុម័តនៅឡើយ ស្របពេលដែលរដ្ឋសភាគ្រោងនឹងដាក់សេចក្តីព្រាងច្បាប់ទាំងនេះ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៅថ្ងៃទី២៨ខែមេសានេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​សបា្តហ៍នេះ។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាបានអនុម័តកាលពីថ្ងៃសុក្រសប្តាហ៍ មុននូវសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី ដោយទទួលរងការរិះគន់ពីសង្គមស៊ីវិល។ នោះ គឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការ សេចក្តី​ព្រាង​ច្បាប់​ស្តីពីការ​រៀបចំនិងការប្រព្រឹត្តទៅនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះ រាជអាជ្ញា។

សេចក្តីព្រាងច្បាប់ទាំងនេះដែលសហគមន៍អន្តរជាតិទទូចជាច្រើនឆ្នាំមក ហើយដើម្បីឲ្យប្រទេសកម្ពុជាធ្វើការកែទម្រង់ប្រពន្ធ័យុត្តិធម៌និង ប្រពន្ធ័តុលាការរបស់ខ្លួនឲ្យមានឯករាជ្យភាពត្រឹមត្រូវ។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាន បញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ទាំងបីកាលពីថ្ងៃសុក្រ ហើយគណរដ្ឋមន្ត្រីនឹងត្រូវការពេល​វេលាពីរទៅបី​ថ្ងៃ​សម្រាប់រៀបចំ នីតិវិធីរដ្ឋបាលក្នុងការបញ្ជូនទៅកាន់រដ្ឋសភា។

ចំនែកលោកជាម យៀប ប្រធានគណកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មរបស់រដ្ឋសភាមានប្រសាសន៍ថារដ្ឋសភាកំពុងរង់ចាំ សេចក្តីព្រាងច្បាប់ទាំងបីដើម្បីរៀបចំដាក់ចូលរបៀបវារៈសម្រាប់ កិច្ចពិភាក្សានិងអនុម័តច្បាប់។

កាលពីថ្ងៃអាទិត្យទី២០ខែមេសា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចេក្តីថ្លែងការណ៍មួយ ដោយជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ទាំងបីគឺសេចក្តីព្រាង ច្បាប់ស្តីពីការរៀបចំអង្គតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិង​ការ​ប្រព្រឹត្ត​ទៅនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជ អាជ្ញា និងទទូចឲ្យរដ្ឋសភាផ្អាកការពិភាក្សានិងអនុម័ត ។
 

ជាការឆ្លើយតបមកវិញលោកជាម យៀប តំណាងរាស្រ្តខាងគណបក្សប្រជាជនកម្ពុជាលើកឡើងថាសេចក្តីព្រាង ច្បាប់ទាំងបីខាងលើទទួលបានការពិភាក្សាល្អិតល្អន់រួចទៅហើយ។ ម្យ៉ាងវិញទៀតបើសិនជានៅមានការខ្វះចន្លោះ​នោះ​សមាជិក​សភា​អាចនឹងធ្វើ វិសោធនកម្មឡើងវិញ។ ដូច្នេះសង្គមស៊ីវិលមិនអាចឃាត់មិនឲ្យសភាដែលមានតែ គណបក្សប្រជាជនកម្ពុជានៅពេលនេះប្រជុំពិភាក្សានិងអនុម័តច្បាប់ទាំង នោះទេ។

ដកស្រង់ពីគេហទំព័រវិទ្យុវីអូអេ ជាខេមរភាសារដែលបានចេញផ្សាយនាថ្ងៃទី២៣ មេសា ម្សិលម៉ិញនេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា