កម្ពុជា និងកូរ៉េខាងត្បូង (South Korea) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី FTA នាពាក់កណ្ដាលឆ្នាំនេះ ក្រោយប្រទេសទាំងពីរប្រកាសថា ទើបនឹងបញ្ចប់ការចរចា នៅថ្ងៃទី០៣ កុម្ភៈ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ក្នុងនោះ មានដូចជា សំលៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។ រីឯ ការនាំចេញបន្ថែមពីកូរ៉េ មក កម្ពុជា វិញ រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។