សកម្មជននយោបាយបក្សប្រឆាំង ដ៏លេចធ្លោ នៅខេត្តត្បូងឃ្មុំ លោក ស៊ូ យាន កំពុងជាប់ក្នុងពន្ធនាគារខេត្តកំពង់ចាម ជាលើកទី២ អស់រយៈពេលជាង ៣ខែហើយ។ ការចាប់ខ្លួនជាថ្មី កាលនោះ ធ្វើឡើងក្រោយពេល លោក ស៊ូ យាន បាននាំសាច់ញាតិ និងប្រពន្ធ ទៅចូលរួមសកម្មភាពនៅភ្នំពេញ ទាមទារឲ្យដោះលែងសកម្មជនបក្សប្រឆាំងទាំងអស់ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃស។ ប្រពន្ធរបស់លោក ស៊ូ យាន គឺ លោកស្រី ស្រី សៀត ឲ្យដឹងថា នៅក្នុងពន្ធនាគារ លោក ស៊ូ យាន មានសភាពទ្រុឌទ្រោមទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយសារការចង្អៀតណែន និងមានជំងឺប្រចាំកាយ។ លោកមានជំងឺស្ពឹកជើងមួយចំហៀងធ្ងន់ធ្ងរ ហ៊ឹងត្រចៀក និងជួបវិបត្តិផ្លូវចិត្ត។