សហគមន៍ពញាក្រែករុងរឿងខេត្តត្បូងឃ្មុំ បានដាំបន្លែ ដូចជា ស្ពៃក្ដោប ស្ពៃបូកគោ ខាន់ណា ពោតបារាំង តាសក់ និងសណ្ដែកកួរ។ លោក ជា គីមលី ប្រធានសហគមន៍ពញាក្រែករុងរឿង បានប្រាប់ថា សមាជិកក្រុមផលិតបន្លែនៅសហគមន៍ មានចំនួន១២គ្រួសារ ដាំលើផ្ទៃដីជាង៤ហិកតាក្នុងនោះ មាន៤គ្រួសារ ដាំស្ពៃក្ដោប។ បើតាមលោក ជា គីមលី បន្លែនៅក្នុងសហគមន៍របស់លោក កំពុងមានទីផ្សារ ដោយមិនត្រឹមតែលក់នៅខេត្តត្បូងឃ្មុំនោះទេ ថែមទាំងលក់នៅភ្នំពេញ ជាពិសេសនៅតាមបណ្ដាផ្សារទំនើបជាច្រើនផងដែរ។