ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៤រូប សោកស្ដាយចំពោះការសម្រេចរបស់តុលាការ ដែលបានកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិឲ្យជាប់គុករយៈពេលច្រើនឆ្នាំ។ ពួកគេហៅការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិទាំង ៩រូប ដែលរួមមានទាំងលោក សម រង្ស៊ី ផង ឲ្យជាប់គុករហូតដល់ ២៥ឆ្នាំ ថា ជាការកាត់ទោសដាក់គុកក្នុងរយៈពេលមិនសមាមាត្រ និងខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់។ ពួកគេសង្កត់ធ្ងន់ថា ដំណើរការជំនុំជម្រះក្តីទាំងមូល មិនមានភាពប្រក្រតី និងបំពានយ៉ាងជាក់ច្បាស់ទៅនឹងច្បាប់អន្តរជាតិ រួមទាំងការជំនុំជម្រះមិនបានប្រព្រឹត្តិទៅជាសាធារណៈ។