ប្រធានគណបក្សប្រជាជនកម្ពុជាប្រកាសប្តេជ្ញានៅបន្តរក្សាវប្បធម៌ សន្ទនាជាមួយគណបក្សសង្គ្រោះជាតិ ដោយលោកបញ្ជាក់ថា ដើម្បីបានជាផលប្រយោជន៍ប្រជាជន និងជាតិទាំងមូល។ថ្លែងក្នុងពិធីរំឭកខួបថ្ងៃ៧មករានៃការផ្ដួលរំលំរបបខ្មែរក្រហមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងថា គណបក្សរបស់លោកនៅតែបន្តរក្សាវប្បធម៌សន្ទនាជាមួយគណបក្សប្រឆាំង ដើម្បីបុព្វហេតុជាតិ។ លោកថ្លែងថា៖ “គណបក្សប្រជាជនកម្ពុជាបន្ត អនុវត្តន៍ខ្ជាប់ខ្ជួននូវវប្បធម៌សន្ទនារវាងគណបក្សដែលមានអាសនៈ នៅក្នុងសភា ដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍រួមរបស់គណបក្សទាំងពីរ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ និងថ្ងៃទី១០ ខែធ្នូឆ្នាំ ២០១៥ ហើយខិតខំដោះស្រាយបញ្ហាដោយឈរលើស្មារតីបង្រួបង្រួមជាតិ កិត្តិយសជាតិ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ"។