មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបញ្ជាក់ថា បច្ចុប្បន្ននេះបរិយាកាសនៅមុនពេលបោះឆ្នោត ពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី៤នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ ពោលគឺ មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់ មិនដូចការលើកឡើង របស់បុគ្គលមួយចំនួននោះឡើយ។ប៉ុន្តែយ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់ថាជារឿយៗ តែងមានពាក្យលើកឡើងពីការគំរាមកំហែង បំភិតបំភ័យពីសំណាក់បុគ្គលមួយចំនួន ដូច្នោះលោក បានលើកទឹកចិត្តដល់បុគ្គលទាំងនោះ ឲ្យដាក់ពាក្យប្តឹងទៅកាន់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីដោះស្រាយ។ លោកកែវ រ៉េមី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ បានប្រឹងប្រែងធ្វើឲ្យស្ថានភាព នៅក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោតមានភាពល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់រូប តាមរយៈអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយ ក្នុងពេលហែរក្បួនឃោសនា នៅតាមមូលដ្ឋាននីមួយៗ។