លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃពុធនេះ បានថ្លែងថា ទោះបីជាគ្មាន លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ក៏ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា នៅតែមានការរីកចម្រើន និងអភិវឌ្ឍទៅមុខជានិច្ច ដោយសារតែការអភិវឌ្ឍកន្លងមកនេះ មិនមានលោក សម រង្ស៊ី ចូលរួមនោះទេ។លោក សុខ ឥសាន បានបញ្ជាក់ថា តាំងតែពីដើមមក លោក សម រង្ស៊ី មិនបានជួយធ្វើអ្វីសម្រាប់កម្ពុជានោះទេ មានតែអំពាវនាវ ឬជំរុញឲ្យសហភាពអឺរ៉ុប កាត់ជំនួយ និងឈប់ទិញសំលៀកបំពាក់ពីកម្ពុជា។ ក្រៅពីនោះ អតីតប្រធានគណបក្សនេះ មានតែបង្កភាពវឹកវផ្សេងៗ ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់កម្ពុជា។លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា «ការរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្មានបាតដៃរបស់ សម រង្សី ណាបន្តិចសោះ។ ពេលមានមុខនៅក្នុងឆាកនយោបាយក្រោយឆ្នាំ១៩៩៣ សម រង្សី តែងតែបង្កអំពើអនាធិបតេយ្យ ប្រព្រឹត្តអំពើពុករលួយ ដឹកនាំធ្វើបាតុកម្មជាបន្តបន្តបន្ទាប់ ឥតឈប់ឈរ តវ៉ានេះតវ៉ានោះ មិនចេះចប់ ធ្វើឲ្យប្រទេសជាតិជួបប្រទះតែអស្ថិរភាព ជាប់ជាប្រចាំមិនសូវលោះ»។
ប្រភព៖សារព៍ត៌មានFresh news