សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអាសនៈ របស់គណបក្សនយោបាយ ដែលរដ្ឋសភាបានសម្រេចអនុម័ត កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២១៧ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសថា នឹងអនុវត្តភ្លាមៗ នៅពេលដែលព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប៉ុន្តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) ដែលជាបក្សថ្មីទើបបង្កើតឡើង ហើយបានឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ជាមួយគណបក្សដែលត្រូវរំលាយ បានអះអាងថា នឹងមិនទទួលយកនោះទេ ខណៈ អ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងថា បើមិនយកទេ ត្រូវជូនដំណឹងទៅគ.ជ.ប ក្នុងរយៈពេលយ៉ាងយូរ៥ថ្ងៃ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ តុលា ថា គ.ជ.ប នឹងអនុវត្តច្បាប់ថ្មីពាក់ព័ន្ធការរំលាយអាសនៈរបស់គណ បក្សនយោបាយភ្លាម បើព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខា ប៉ុន្តែយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ច្បាស់លាស់អំពីការបែងចែកអាសនៈយ៉ាងណានៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា នឹងអនុវត្តតាមច្បាប់ថ្មីនេះភ្លាមៗ ដោយមិនបង្អង់យូរនោះឡើយ ខណៈបច្ចុប្បន្ន គ.ជ.ប នៅតែបន្តអនុវត្តតាមច្បាប់ចាស់ដដែល។
ប្រភព៖សារព័ត៌មានដើមអម្ពិល