សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់ បានដាក់ឱសានវាទឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ត្រឹមថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ បើមិនដូច្នោះទេ សភាអាមេរិកនឹងស្នើឲ្យមានការចាត់វិធានការជាក់លាក់លើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដោយហាមមិនឲ្យចូលទឹកដីអាមេរិកនោះទេ។ នេះបើយោងតាមលិខិត ចុះថ្ងៃទី ២៣ តុលា របស់ លោក ថេត ហ្គ្រូស (TED CRUZ) សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកលិខិតនេះថា គ្រាន់តែជាការស្រមើស្រម៉ៃប៉ុណ្ណោះ។ នៅក្នុងលិខិតផ្ញើទៅកាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ តុលា លោក ថេត ហ្គ្រូស (TED CRUZ) សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈរដ្ឋ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពីមានការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា រួមទាំងការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំងនារយៈពេលចុងក្រោយនេះ។
ប្រភព៖RFI