អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទទូចឲ្យប្រទេសម្ចាស់ជំនួយ និងអង្គទូតនានា ចាត់វិធានការភ្លាមៗ បើគណបក្សប្រឆាំងត្រូវតុលាការកំពូល រម្លាយដូចការប៉ុនប៉ង របស់បក្សកាន់អំណាច មែននោះ។ ប៉ុន្តែ មន្ត្រីបក្សកាន់អំណាច ស្នើឲ្យទាំងអស់គ្នា រក្សាភាពស្ងប់ស្ងៀម ដើម្បីទុកលទ្ធភាពឲ្យតុលាការ សម្រេចសេចក្ដីឲ្យបានត្រឹមត្រូវ។ ចំណែកឯ មន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មានសង្ឃឹមតិចតួចណាស់ ថាប្រព័ន្ធតុលាការកម្ពុជា អាចផ្ដល់យុត្តិធម៌ ក្នុងរឿងក្តី ពាក់ព័ន្ធនឹងនយោបាយបែបនេះ។នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បានអះអាង ថាប្រជាធិបតេយ្យនៅកម្ពុជា ប្រឈមគ្រោះថ្នាក់ដល់ស្លាប់ ប្រសិនបើមន្ត្រីអង្គទូត និងប្រទេសម្ចាស់ជំនួយ មិនចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា ឲ្យបានឆាប់ៗនោះទេ។
ប្រភព៖RFA