រដ្ឋសភាបានឲ្យដឹងថា ស្ថាប័នកំពូលនេះកំពុងត្រៀមជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីសមាជិក គ.ជ.ប. ៣រូបកូតាគណបក្សប្រឆាំង បានស្នើសុំលាលែងពីតួនាទី ក្រោយការរំលាយបក្សប្រឆាំង។អនុប្រធាន គ.ជ.ប. លោក គួយ ប៊ុនរឿន និងសមាជិក គ.ជ.ប. លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ដែលត្រូវបានជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ សម្រាប់ដឹកនាំស្ថាប័នបោះឆ្នោតជាតិចាប់តាំងពីឆ្នាំ២០១៤នោះ បានដាក់ពាក្យលាលែងពីតំណែងទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃម្សិលមិញនេះ។មេដឹកនាំ គ.ជ.ប.ទាំង ៣រូប បានលើកឡើងនៅក្នុងលិខិតស្នើសុំលាលែងពីតំណែងនោះថា ការរំលាយគណបក្សសង្គ្រោះជាតិ និងបែងចែកអាសនៈជាប់ឆ្នោតរបស់បក្សនេះទៅឲ្យបក្សផ្សេងទៀត ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យនោះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ព្រមទាំងបានរំលោភលើឆន្ទៈរបស់ប្រជាពលរដ្ឋ។
ប្រភព៖VOD