តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ជាង ១០នាក់ នៅថ្ងៃច័ន្ទ ទី២៧ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍រួមមួយសម្ដែងការសោកស្ដាយ និងខកចិត្តចំពោះសេតវិមានសហរដ្ឋអាមេរិក ដែលបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ប្រកាសថា នឹងមិនទទួលស្គាល់ការបោះឆ្នោតឆ្នាំក្រោយ ប្រសិនបើរដ្ឋាភិបាលក្រុងភ្នំពេញ មិនធ្វើឲ្យស្ថានភាពវិលមករកភាពប្រក្រតីនោះ។ក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ជំហររបស់ខ្លួនថា ការរំលាយគណបក្សសង្គ្រោះជាតិ កន្លងមក គឺធ្វើឡើងទៅតាមច្បាប់ត្រឹមត្រូវ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ក្រោយពីគណបក្សប្រឆាំងមួយនេះបានឃុបឃិត និងទទួលការបង្គាប់បញ្ជាពីបរទេសក្នុងបំណងផ្តួលរំលំរដ្ឋាភិបាល និងរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
ប្រភព៖RFA