មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ជំហរសារជាថ្មី ដោយឥតងាករេ ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជា ដែលមាន លោក ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។ជំហរដ៏រឹងមាំ របស់មន្ត្រីជាន់ខ្ពស់ខាងលើនេះ ធ្វើឡើងឆ្លើយតប ទៅការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលបានអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធ ប៉ះបោរប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាល របស់លោក ហ៊ុន សែន។ មន្ត្រីនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានមានប្រសាសន៍ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ថា កងទ័ពកម្ពុជាគ្រប់លំដាប់ថ្នាក់ មានភក្ដីភាពយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលកម្ពុជា ដែលមានលោកហ៊ុន សែន ជាប្រមុខដឹកនាំ ហើយកងទ័ពបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឆាំងទប់ទល់ទៅ ការប៉ុនប៉ងណាមួយ ក្នុងការផ្តួលរំលំលោក ហ៊ុន សែន តាមរយៈការប៉ះបោរ ឬបដិវត្តន៍ពណ៌។
ប្រភព៖សារព័ត៌មានដើមអម្ពិល