តុលាការក្រុងភ្នំពេញនៅថ្ងៃនេះ បានបដិសេធសំណើរបស់លោក រ៉ុង ឈុន អតីតសមាជិក គជប មិនឲ្យចូលជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងនោះទេ។ នេះជាការឆ្លើយតប មកកាន់លោក រ៉ុង ឈុន នៅថ្ងៃតែមួយបន្ទាប់ពីលោកបានដាក់លិខិតសុំជួបលោក កឹម សុខា កាលពីព្រឹកមិញ។ក្នុងលិខិតរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានបញ្ជាក់ពីមូលហេតុនៃការបដិសេធនោះថា ដោយសារតែសំណុំរឿងនេះកំពុងស្ថិតក្នុងការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហេតុនេះការ ចូលជួបឬសួរសុខទុក្ខអាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសារជនជាប់ចោទដែលមិនទាក់ទិនក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃទៀត ការសួរសុខទុក្ខអាចអនុញ្ញាតឲ្យបាន ក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនរួចរាល់សិន។ នេះបើតាមចៅក្រមតុលាការដដែលនេះ។
ប្រភព៖RFI