អង្គការសង្គមស៊ីវិល រៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួបទី៦៩ រៀងៗខ្លួននៅតាម បណ្ដាខេត្តផ្សេងៗ ខណៈដែលរដ្ឋាភិបាល ប្រារព្ធទិវានេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។ អង្គការសមាគម សហគមន៍ដីធ្លី កសិករ យុវជន និងកម្មករកម្មការិនី រាប់រាយនាក់ ទាមទារឲ្យរដ្ឋាភិបាលមានការគោរពសិទ្ធិមនុស្ស លើកស្ទួយសេរីភាពបញ្ចេញមតិ និងការជួបជុំ ព្រមទាំងដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកកាសែតជាដើម។ រីឯរដ្ឋាភិបាលថា សិទ្ធិមនុស្ស និងវឌ្ឍនភាពមានពេញបរិបូរណ៍ ក្រោយផ្ដួលរំលំរបបប៉ុលពត។ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ របស់ក្រុមអង្គការសង្គមស៊ីវិល គឺធ្វើឡើងក្រោមរូបភាព ភ័យខ្លាចបំផុត ពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាល ដោយពួកគេ ពុំហ៊ានប្រារព្ធទិវានេះ ទ្រង់ទ្រាយធំ ដូចរាល់ឆ្នាំនៅក្នុងទីក្រុងភ្នំពេញនោះទេ ពោលគឺពួកគេ ប្រារព្ធទិវានេះទ្រង់ទ្រាយតូចនៅ តាមបណ្ដាខេត្តផ្សេងៗតែរៀងៗខ្លួន។
ប្រភព៖RFA