អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានអះអាងថា បដិវត្តន៍ពណ៌នៅកម្ពុជា ត្រូវបានវាយ បំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួន ក្រោយពេលបែកធ្លាយព័ត៌មាន និងមានភ័ស្តុតាងច្បាស់លាស់។ លោក សុខ ឥសាន បានឲ្យដឹងតាមរយៈតេឡេក្រាម (Telagram) នៅរសៀលថ្ងៃទី ថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៧នេះថា "ឧបាយកល ពិសពុលនៃអ្នកបញ្ជាពីក្រោយ នៅមិនទាន់ផុតរលត់នៅឡើយ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជំហរ ច្បាស់លាស់ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ កើតឡើងនៅកម្ពុជាបានទេ"។ លោកបញ្ជាក់ថា "អ្នកបញ្ជានិងអ្នកឃុបឃិត ដែលនៅក្នុងរចនាសម្ព័ន្ធ និងចង្កោមយន្តការបដិវត្តន៍ពណ៌ ទោះនៅក្នុងស្រុក ឬនៅក្រៅ ស្រុក គួរតែបញ្ឈប់រាល់សកម្មភាព អវិជ្ជមានរបស់ខ្លួនជាបន្ទាន់ទៅកុំឲ្យបែកមុខទាន់ ក្រែងអាប់ឱនកិត្តិយស និងខ្មាស់គេពេញ ពិភពលោក"។
ប្រភព៖សារព័ត៌មានដើមអម្ពិល