មួយថ្ងៃក្រោយសហភាពអឺរ៉ុប ផ្អាកការផ្តល់ជំនួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ។ ហើយគ.ជ.ប ក៏មិនយល់ដែរចំពោះហេតុផលមួយចំនួន ដែលសហភាពអឺរ៉ុប បានលើកឡើង ដើម្បីសម្រេចផ្អាកការផ្តល់ជំនួយនេះ។គ.ជ.ប ហាក់មិនយល់ចំពោះការលើកឡើងរបស់សហភាពអឺរ៉ុប ដែលធ្លាប់សរសើរដំណើរការនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ តែមកដល់ពេលនេះ បែរជាមើលស្រាលសមត្ថភាពរបស់គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតក្នុងឆ្នាំ២0១៨ទៅវិញ។ តាមរយៈសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ គ.ជ.ប លើកឡើងនូវចម្ងល់ទាំងនេះថា៖«តើមានហេតុផលអ្វីដែរ អាចវាយតម្លៃគ.ជ.ប ថា ការបោះឆ្នោតក្នុងឆ្នាំ២0១៨ មិនមានលក្ខណសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើមេដឹកនាំ គ.ជ.ប នៅដដែល សមាជិកគ.ជ.ប ភាគច្រើននៅដដែល ហើយមន្ត្រីគ.ជ.ប រាប់រយនាក់ ក៏នៅដដែល?»។
ប្រភព៖សារព័ត៌មានថ្មីៗ