អ្នកវិភាគ និងអ្នកច្បាប់លើកឡើងថា តុលាការបដិសេធការស្នើសុំរបស់ក្រុមមេធាវីលោក កឹម សុខា ម្ដងហើយម្ដងទៀតក្នុងការផ្លាស់ប្ដូរមន្ទីរឃុំឃាំង លោក កឹម សុខា នេះ មិនមែនជាការអនុវត្តតាមផ្លូវច្បាប់ឡើយ ហេតុផលចម្បងនោះគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចចលនាបះបោរប្រឆាំងនឹងកាឃុំខ្លួន បើសិនជាបញ្ជូនលោក កឹម សុខា យកទៅឃុំខ្លួននៅពន្ធនាគារ ក្នុងទីក្រុងភ្នំពេញនោះ។អ្នកវិភាគមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតុលាការសុខចិត្តបំពានរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាពាក់ព័ន្ធនានាទៀត ដើម្បីយកឈ្នះ គឺចាប់ឃុំខ្លួនលោក កឹម សុខា ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម។លោកបណ្ឌិត ឡៅ ម៉ុងហៃ ឲ្យដឹងកាលពីថ្ងៃទី២១ ខែធ្នូ ថា មូលហេតុចម្បងដែលតុលាការសម្រេចបដិសេធសំណើរបស់ក្រុមមេធាវី លោក កឹម សុខា នេះ មិនមែនជាការអនុវត្តច្បាប់ឡើយគឺតុលាការអនុវត្តតាមបញ្ជារបស់លោក ហ៊ុន សែន ទៅវិញទេ ទោះបីជាប្រព័ន្ធតុលាការរងនូវការរិះគន់ពីសាធារណមតិជាតិ និងអន្តរជាតិថា ជាតុលាការតេឡេក្ដី។
ប្រភព៖RFA