ខណៈដែលសេចក្តីព្រាងច្បាប់ការពារសាក្សីបានសម្រេច ៩០ ភាគរយហើយនោះអង្គភាពប្រឆាំងអំពើពុករលួយ ACU បានរិះគន់អង្គការតម្លាភាពពីរឿងមិនបានចូលរួមបង្កើតច្បាប់នេះឲ្យបានពេញលេញ និងពីរឿងដាក់ពិន្ទុកម្រិតអំពើពុករលួយកម្ពុជាអន់ជាងប្រទេសមីយ៉ាន់ម៉ា។សេចក្តីព្រាងច្បាប់ការការពារសាក្សីបានសម្រេចប្រមាណជា ៩០ ភាគរយហើយដោយមានការចូលរួមពិនិត្យ និងពិគ្រោះយោបល់ជាច្រើនពីស្ថាប័នរដ្ឋ វិស័យឯកជនអ្នកសារព័ត៌មាន ស្ថានទូត និងដៃគូអភិវឌ្ឍន៍ដូចជាអង្គការក្រៅរដ្ឋាភិបាលជាដើម។ នេះបើតាមលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន (ACU) ដែលបានថ្លែងក្នុងសិក្ខាសាលាជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី ២៥ ខែធ្នូ។សេចក្តីព្រាងនេះត្រូវបានបញ្ជូនទៅឲ្យក្រសួងយុត្តិធម៌ដើម្បីជួយពិនិត្យ និងផ្តល់យោបល់ហើយនៅសប្តាហ៍ក្រោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និង ACU គ្រោងនឹងជួបគ្នាដើម្បីពិភាក្សាចំណុចដែលពាក់ព័ន្ធទៅនឹងការកំណត់ទោសទណ្ឌ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍