កម្ពុជា នឹងប្រើប្រាស់បច្ចេកវិទ្យារបស់រុស្ស៊ី សម្រាប់ដំណើការបោះឆ្នោតតាមបែបទំនើប នៅឆ្នាំ២០២២ និង២០២៣ ដើម្បីធានាពីសុវត្ថិភាពនៃការបោះឆ្នោតឲ្យកាន់ប្រសើរឡើងថែមទៀត។ ការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលរុស្ស៊ី សន្យាផ្ដល់ជំនួយបោះឆ្នោតដល់កម្ពុជា។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនមន្ត្រីជំនាញទៅសិក្សាអំពីបច្ចេកទេសទំនើបនៃការបោះឆ្នោតរបស់រុស្ស៊ី ដើម្បីត្រៀមរៀបចំការបោះឆ្នោតនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា បាននិយាយថា ការបោះឆ្នោតដោយប្រើបច្ចេកទេសរបស់រុស្ស៊ី នឹងជួយឲ្យដំណើរការបោះឆ្នោតកាន់តែមានភាពងាយស្រួល ដែលធានាសុវត្ថិភាព និងមានអព្យាក្រឹតភាពខ្ពស់ក្នុងការរាប់សន្លឹកឆ្នោត។ លោក សូរីដា បន្ថែមថា បច្ចេកវិទ្យាទំនើបដែលគ្រោងអនុវត្តតាមរុស្ស៊ីនោះ មានដូចជាការរាប់សន្លឹកឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ និងការបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់បោះឆ្នោត ដើម្បីធានាមិនឲ្យមានការលួចបន្លំសន្លឹកឆ្នោតជាដើម។
ប្រភព៖សារព័ត៌មានថ្មីៗ