សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចកាលពីម្សិលមិញបានទទួលស្គាល់ថាទ្រង់ពិតជាបានស្នើសុំចិនឲ្យជួយគណបក្សទ្រង់មែន ហើយក៏បានឆ្លើយតបនឹងព្រះអង្គម្ចាស់ស៊ីសុវត្ថិចក្រីនុពលដែលព្រមានប្ដឹងរំលាយគណបក្សរបស់ទ្រង់ថាជា «សិទ្ធិរបស់គេ» ខណៈព្រះអង្គថា ការសុំជំនួយពីចិនក៏ជា «សិទ្ធិ» របស់ព្រះអង្គដូចគ្នា ហើយឲ្យ ឬមិនឲ្យស្រេចតែចិន។ក្នុងជំនួបទ្វេភាគីរវាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក វ៉ាង វៃគួង ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី ២៥ ខែធ្នូឆ្នាំមុនទ្រង់បានស្នើជំនួយពីចិនដើម្បីគាំទ្រគណបក្សដែលព្រះអង្គថាក្រីក្រជាអ្វីដែលមជ្ឈដ្ឋានមួយចំនួនថាផ្ទុយនឹងច្បាប់ស្ដីពីគណបក្សនយោបាយ។ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ចក្រីនុពល កាលពីសប្ដាហ៍មុនប្រកាសថាប្រសិនបើចិនពិតជាជួយឧបត្ថម្ភតាមសំណើរបស់សម្តេចក្រុមព្រះពិតមែននោះទ្រង់នឹងត្រូវប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សនេះ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍