ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ស្នើឲ្យតុលាការកោះហៅក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ ទៅឆ្លើយបំភ្លឺបទល្មើសក្បត់ជាតិ របស់លោក កឹម សុខា ជំនួសលោក ព្រោះថា ការជួលម៉ោងផ្សាយរបស់លោក កឹម សុខា នៅវិទ្យុសំបុកឃ្មុំ អំឡុងពេលលោក កឹម សុខា ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានការអនុញ្ញាតពីក្រសួងព័ត៌មាន ឲ្យផ្សាយ និងក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបើកអង្គការ។ថ្លែងប្រាប់អាស៊ីសេរី ពីទីក្រុងប៉ារីស ប្រទេសបារាំង លោក ម៉ម សូណង់ដូ ឆ្ងល់ថា តើតុលាការស្រុកខ្មែរកោះហៅលោកទៅបំភ្លឺរឿងអ្វី បើលោកមិនដែលមានទំនាក់ទំនងជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នោះទេ។ លោកបញ្ជាក់ថា លោកមិនចង់ដាក់បន្ទុក ឬដោះបន្ទុកសម្រាប់បទល្មើសដែលតុលាការចោទលោក កឹម សុខា នោះទេ។ លោក ម៉ម សូណង់ដូ អះអាងថា ការជួលម៉ោងផ្សាយរបស់លោក កឹម សុខា នៅវិទ្យុសំបុកឃ្មុំ សុទ្ធតែមានការដឹងឮ និងអនុញ្ញាតពីក្រសួងព័ត៌មាន។ ដូច្នេះ លោកស្នើឲ្យតុលាការ បើចង់ដឹងអំពីព័ត៌មាន លោក កឹម សុខា គួរតែកោះហៅក្រសួងព័ត៌មានទៅបំភ្លឺ។
ប្រភព៖RFA