មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ក្រសួងគ្មានគម្រោងប្ដឹងរំលាយគណបក្សហ៊្វុនស៊ិនប៉ិចទេ ដោយថា គណបក្សនេះមិនទាន់បានទទួលជំនួយប្រទេសចិននោះទេ បើទោះបីជាប្រធានបក្សនេះបានប្រកាសស្នើសុំជំនួយពីចិន ដើម្បីយកមកពង្រឹងបក្សនេះក៏ដោយ។ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានមានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៥ខែធ្នូថា ទ្រង់បានដាក់សំណើទៅកាន់លោក វ៉ាង វ៉ៃគួង ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមមកពីប្រទេសចិន ឲ្យជួយដល់គណបក្សរាជានិយមមួយនេះ ដោយទ្រង់អះអាងថា គណបក្សមួយនេះជាបក្សធំលំដាប់ទី២ និងក្រីក្រជាងគេ។សម្ដេចក្រុមព្រះបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក វ៉ៃគួង ថា មន្ត្រីចិនរូបនេះបានសន្យានាំយកសំណើរបស់ទ្រង់ ទៅប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
ប្រភព៖VOD