លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានធ្វើការវាយប្រហារធ្ងន់ៗទៅលើក្រុមអ្នកវិភាគដែលលោកហៅថាជាអ្នកធ្វើអត្ថាធិប្បាយបែប «ល្ងង់ខ្លៅ» ឬ«អាល្ងង់ទូ» ដែលមិនយល់អ្វីសោះអំពីប្រសាសន៍របស់លោក បន្ទាប់ពីអ្នកវិភាគទាំងនោះបានលើកឡើងថាកម្ពុជានៅមានបញ្ហាប្រឈមជាច្រើនទៀតដែលមិនទាន់ដោះស្រាយ។ការថ្លែងរបស់លោក ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជាង ១៣៥០០ នាក់មកពីរោងចក្រចំនួន ១៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវកាលពីម្សិលមិញ បន្ទាប់ពីមានការចុះផ្សាយនូវអត្ថបទមួយរបស់កាសែតភ្នំពេញប៉ុស្តិ៍ក្រោមចំណងជើងថា «លោក ហ៊ុន សែន សរសើរពីសមិទ្ធផលខណៈអ្នកតាមដានថានៅមានបញ្ហាមិនទាន់ដោះស្រាយ» កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៧ ដោយអត្ថបទនេះបានដកស្រង់សម្ដីអ្នកវិភាគដែលរិះគន់ថាកម្ពុជានៅមានបញ្ហាជាច្រើនទៀតមិនទាន់ដោះស្រាយបាន។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍