លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងរៀបចំកម្មវិធីហូបបាយ ជួបជុំជាមួយ កម្មករ ធាក់ស៊ីក្លូ ក្រោយពីបញ្ចប់ការបង្កើត មូលនិធិអ្នកធាក់ស៊ីក្លូ នៅពេលខាងមុខ។លោក បានថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ថា “មុនដំបូងឲ្យខ្ញុំបានដឹងតើ ចំនួនពិតប្រាកដ នៃកម្មករស៊ីក្លូដែលក្រោមការ គ្រប់គ្រងនៃសមាគមន៍ ស៊ីក្លូមាន ប៉ុន្មាន ហើយខ្ញុំគិតថា នៅពេលដែលយើងចាប់ផ្ដើម មូលនិធិនេះយើងគួរតែជួបជុំគាត់ មួយពេល ហើយបាយ ជាមួយបងប្អូនស៊ីក្លូហ្នឹងតែម្ដង ខ្ញុំនឹងបាយជាមួយគាត់”។
លោកនាយករដ្ឋមន្រ្តីបន្តថា អ្នកប្រកបមុខរបរធាក់ស៊ីក្លូ គឺជាអ្នកដែលមានតែបាតដៃ ទទេសុទ្ធសាធ ដោយមានលក្ខណៈ ខុសប្លែកពីអ្នករត់ម៉ូតូកងបី ព្រោះអ្នករត់ម៉ូតូកងបី ចេះរកមធ្យោបាយផ្សេងៗ ដើម្បីធ្វើឲ្យមានភាពងាយស្រួល តែអ្នករត់ស៊ីក្លូវិញ អត់មានមធ្យោបាយអ្វីទេ ក្រៅពីមកជួលស៊ីក្លូគេយកទៅធាក់បន្ត ដើម្បីយកប្រាក់បន្តិចបន្តួច ទៅផ្គត់ផ្គង់ក្នុងជីវភាព គ្រួសារប៉ុណ្ណោះ។
ប្រភព៖សារព័ត៌មានដើមអម្ពិល