មុនមួយថ្ងៃនៃការប្រារព្ធថ្ងៃខួប៧ មករា របស់គណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ចោទប្រកាន់ថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលវៀតណាម ឆក់ឱកាសលើកទ័ពចូលត្រួតត្រាកម្ពុជា យកលេសជួយសង្គ្រោះ។លោក អេង ឆៃអ៊ាង សរសេរនៅហ្វេសប៊ុក (Facebook) របស់លោកថ្ងៃទី៦ ខែមករា ដោយប្រកាសមិនទាន់ទទួលស្គាល់ថា ថ្ងៃទី៧ មករា ជាថ្ងៃជ័យជំនះរបស់ខ្មែរ។ អនុប្រធានគណបក្សប្រឆាំងរូបនេះនិយាយថា ទិវាដែលជាជ័យជំនះសម្រាប់ខ្មែរទាំងមូល គឺទិវាដែលកម្ពុជាបានឯករាជ្យ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ ប្រជារាស្ត្រខ្មែរទទួលបានភាពរីករាយ ភាពសុខដុមរមនា ដូចជាទិវា៩ វិច្ឆិកា ឆ្នាំ១៩៥៣ និង ២៣ តុលា ឆ្នាំ១៩៩១។ការប្រកាសមិនទទួលស្គាល់ថ្ងៃ៧ មករា ជាថ្ងៃជ័យជំនះរបស់ខ្មែរពីសំណាកគណបក្សប្រឆាំងនៅពេលនេះ ខណៈគណបក្សកាន់អំណាចព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់លើជនទាំងឡាយណាមិនទទួលស្គាល់ថ្ងៃទី៧ មករា ថាជាថ្ងៃជ័យជំនះរបស់កម្ពុជា។
ប្រភព៖RFA