អធិការស្រុកដំណាក់ចង្អើរ បានចេញលិខិតអញ្ជើញប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រកែប លោក នន់ តារា ឲ្យចូលខ្លួនបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរការងារផ្ទាល់ខ្លួន។ នៅក្នុងលិខិតអញ្ជើញចុះថ្ងៃទី១០ មករា ដោយអធិការស្រុកដំណាក់ចង្អើរ គឺលោកវរសេនីយ៍ទោ តូច សុវណ្ណ បានអញ្ជើញលោក នន់ តារា ឲ្យចូលខ្លួននៅថ្ងៃទី១១ ខែមករា វេលាម៉ោង ២រសៀល។ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រកែប លោក នន់ តារា ឲ្យដឹងថា ដើមចមដែលសមត្ថកិច្ចកោះហៅលោក គឺក្រោយពេលដែលលោកមានជម្លោះទាស់ទែងពាក្យសម្ដីគ្នាជាមួយជំទប់ទី១ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខែត្រកែប។ លោក នន់ តារា អះអាងថា ជម្លោះពាក្យសម្ដីនោះដោយសារជំទប់ទី១ ឃុំអង្កោល បានព្រមានចាប់ពលរដ្ឋដាក់ពន្ធនាគារនៅពេលដែលពួកគេជជែកគ្នាពីរឿងថៃ ចាប់ជនជាតិខ្មែរ។ លោកថា លោកបានប្រាប់ទៅជំទប់ទី១ ឃុំអង្កោល កុំឲ្យព្រមានពលរដ្ឋបែបនេះ ប៉ុន្ដែត្រូវបានជំទប់ទី១នោះខឹងសម្បា ហើយគំហកថា គាត់និយាយពីការចាប់នោះគឺសំដៅលោក កឹម សុខា។
ប្រភព៖RFA