ការប្រកាសសាជាថ្មីម្ដងហើយម្ដងទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ីសរុបជិត ៤ពាន់នាក់ នៅកោះពេជ្រ ក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ មករា ដែលត្រូវចំនឹងខួបលើកទី៣៣ ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់លោក។លោក ហ៊ុន សែន ថ្លែងអះអាងថា លោកមិនដែលមានមហិច្ឆតាចង់ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ក៏ប៉ុន្តែលោកនៅមិនទាន់មានលទ្ធភាពឈប់ធ្វើជានាយករដ្ឋមន្ត្រីនៅឡើយ ដោយសារតែលោកថា បញ្ហារបស់ប្រទេសជាតិតម្រូវយ៉ាងដូច្នេះ៖ «ការកាន់តំណែងនៅក្នុងមុខតំណែងមួយដែលមនុស្សជាច្រើនចង់ដណ្ដើមយកនៅទីកន្លែងនេះ គឺអ្នកដែលមិនចង់បែរជាបានធ្វើ បានក្លាយខ្លួនជានាយករដ្ឋមន្ត្រី។ ខ្ញុំគ្មានមហិច្ឆតាធ្វើនាយករដ្ឋមន្ត្រីទេ។ ហើយអ្នកដែលចង់ដកខ្លួនសម្រាកក៏នៅតែមិនទាន់មានលទ្ធភាពដើម្បីនឹងសម្រាកក៏ព្រោះតែបញ្ហាប្រទេសជាតិរបស់យើងវាតម្រូវយ៉ាងដូច្នេះ»។លោក ហ៊ុន សែន អះអាងបន្តទៀតថា ការណ៍ដែលលោកអាចរក្សាអំណាចបានដល់ទៅ៣៣ឆ្នាំនេះ លោកមិនមែនបានមកដោយសារការប្រើប្រាស់ចុងកាណុង ឬកាន់អំណាចតាមបែបផ្ដាច់ការនោះឡើយ។
ប្រភព៖RFA