តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី ជិត២០០ គ្រួសារ នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង លើកឡើងថា ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក ពួកគាត់រវល់តែនៅឃ្លាំមើលដីទំនាស់របស់ពួកគាត់ ដោយមិនបានចេញទៅធ្វើការងារឆ្ងាយពីស្រុកភូមិទេ ព្រោះខ្លាចអាជ្ញាធរយកដីទៅបែងចែកឲ្យអ្នកផ្សេង។ ទាក់ទិនរឿងនេះ មេឃុំបឹងប្រាំ អះអាងថា បញ្ហាស្មុគស្មាញជុំវិញរឿងទំនាស់ដីធ្លីនេះ ដោយសារប្រជាពលរដ្ឋមិនព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរ។តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំបឹងប្រាំរិះគន់អាជ្ញាធរមូលដ្ឋានថា អាជ្ញាធរបានដឹងយ៉ាងច្បាស់ណាស់អំពីជីវភាពរស់នៅរបស់ពួកគាត់ ក៏ប៉ុន្តែមិនពន្លឿនដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់ឲ្យបានឆាប់នោះទេ។តំណាងពលរដ្ឋទំនាស់ដីធ្លីនៅឃុំបឹងប្រាំលោក អ៊ុន យ៉ាន់ ឲ្យដឹងនៅថ្ងៃទី១៤ មករាថា ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក គឺពួកគាត់ចំនួន ១៩២គ្រួសាររវល់តែទៅយាមដីទំនាស់ ដោយមិនហ៊ានចេញទៅធ្វើការងារឆ្ងាយពីផ្ទះនោះទេ ពីព្រោះខ្លាចដីរបស់ពួកគាត់នោះបានទៅលើអ្នកផ្សេង ដែលធ្វើឲ្យគ្មានដីដាំដុះដោះស្រាយជីវភាពគ្រួសារ។
ប្រភព៖RFA