មន្ត្រីជាន់ខ្ពស់ បក្សកាន់អំណាច អះអាងមុនកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកំណែទម្រង់ការបោះឆ្នោត នៅថ្ងៃចន្ទម្សិលម៉ិញថា បេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ នឹងមិនមានទេ អ្នកដែលមានសញ្ជាតិពីរ នោះគឺដើម្បីអ្វីដែលលោក ហៅថា ជាការផ្តល់ទំនុកចិត្តដល់ម្ចាស់ឆ្នោត។
ការលើករបស់លោក ជាម យៀប ស្របពេលដែលប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៉ី ត្រូវបានគេដឹងថា មានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ និងសញ្ជាតិបារាំង។ នេះបើយោងតាមគេហទំព័រវីអូឌីកាលពីម្សិលម៉ិញ។
សមាជិកគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត លោក ជាម យៀប ឲ្យ VOD ដឹងមុនជួប គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១០ខែមីនានេះថា គណបក្សប្រជាជនកម្ពុជា នឹងស្នើឲ្យមានសេចក្តីសម្រេចមួយ ដើម្បីធានាថា បេក្ខភាព ជានាយករដ្ឋមន្ត្រី ត្រូវមានសញ្ជាតិតែមួយ។ ប៉ុន្តែលោកថា របៀបវារៈនេះ នឹងមិនលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំក្នុងគណៈកម្មការចម្រុះនៅ ថ្ងៃនេះទេ «ឧបមាថា ឥឡូវខ្ញុំមានសញ្ជាតិបារាំងផង មានសញ្ជាតិខ្មែរផង ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រី អ៊ីចឹងនៅពេលដែល ឧបមាថាបារាំងមកធ្វើទ័ពជាមួយខ្មែរ តើនាយករដ្ឋមន្រ្តីទៅកាន់ជើងអ្នកណា។ អ៊ីចឹងយើងគ្រាន់ចង់ដឹង នេះចំណោលទៅអនាគត»។
ក្នុងនោះគេហទំព័រដដែលនេះបានដកស្រង់សំដីប្រធានក្រុមចរចានៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដោយលើកបានមានប្រសាសន៍ថានឹងស្វាគមន៍លើរបៀបវារៈទាំងអស់តែលោកជំរុញគណបក្ស ប្រជាជកម្ពុជា គិតពីប្រយោជន៍ជាតិជាធំ ដោយមិនត្រូវលើរបៀបវារៈអ្វីដែលជាលេសនាំឲ្យពន្យាពេលច្រើនពេក នោះទេ។
អ្នកវិភាគឯករាជ្យលោក បណ្ឌិត ឡៅ ម៉ុងហៃ មិនអត្ថាធិប្បាយថា តើលើកឡើងនេះ ជាសម្ពាធរារាំង មិនឲ្យលោក សម រង្ស៊ី ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីឬយ៉ាងណានោះទេ។ ប៉ុន្តែលោកថាជាឱកាសល្អសម្រាប់គណបក្សដែលជាប់ឆ្នោត ដើម្បីអនុវត្តន៍ច្បាប់អន្តោប្រវេសនៅកម្ពុជា។
គណៈកម្មការចម្រុះរបស់គណបក្សជាប់ឆ្នោតទាំងពីរ បានពិភាក្សាលើការកែទម្រង់រៀបចំស្ថាប័នរៀបចំការបោះឆ្នោត យន្តការនៃការដោះស្រាយវិវាទនៃការបោះឆ្នោត និងបញ្ហាប្រព័ន្ធផ្សព្វផ្សាយឲ្យមានសមភាព ដើម្បីទំលាភាពជាប់គាំងនយោបាយ ដែលបានជាប់គាំងជិត៧ខែ ក្រោយការបោះឆ្នោត៕