មន្ត្រីអ្នកនាំពាក្យ គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) បង្ហើបឲ្យដឹងថា ខ្លួននឹងប្រកាសជាសាធារណៈពីការជ្រើសរើស តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ខ្លួននៅខែធ្នូនេះ បើអាចធ្វើទៅបាន។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងកាលពីថ្ងៃសៅរ៍នេះថា មន្ត្រីនៅស្ថាប័ននេះ កំពុងពន្លឿននីតិវិធីដើម្បីបំពេញលក្ខណមួយចំនួនលើខ្លឹមសារនៃ អនុក្រិត្យ ស្តីពីការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងសម្រាប់ស្ថាប័នជាតិមួយនេះ។មន្ត្រីអ្នកនាំពាក្យរូបនោះឲ្យដឹងទៀតថា បើនីតិវិធីនោះដំណើរការទៅក្នុងល្បឿនលឿន ការប្រកាសជ្រើសរើសតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង នឹងធ្វើឡើងនៅខែធ្នូនេះ។ ប៉ុន្តែលោកថា បើនីតិវិធីមានភាពរអាក់រអួល ការប្រកាសជ្រើសរើសអាចធ្វើឡើងនៅខែក្រោយ។