សមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក ហុង សុខហួរ សុខចិត្តតម្កល់លិខិតឆ្លងដែនទាំងពីររបស់លោក គឺខ្មែរ និងបារាំង ដើម្បីធានាថា លោកមិនរត់ទៅក្រៅប្រទេស រួមនឹងប្រាក់ ២០លានរៀល ជាថ្នូរបាននៅក្រៅឃុំបណ្ដោះអាសន្ន។មេធាវីការពារក្ដីឲ្យលោក ហុង សុខហួរ គឺលោក ជូង ជូងី បញ្ជាក់នៅថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីតុលាការកំពូលសាកសួរ ថាតុលាការនឹងប្រកាសសាលក្រមសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ នៅថ្ងៃទី៤ ខែមីនា ខាងមុខ។ តែលោកមិនដឹងថា តុលាការព្រមឲ្យលោក ហុង សុខហួរ នៅក្រៅឃុំ ឬយ៉ាងណាទេ។លោក ហុង សុខហួរ ត្រូវបានចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ចំនួន ៣ករណី គឺក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ចោទប្រកាន់ឯកសារក្លែង និងញុះញង់ឲ្យមានអសន្តិសុខសង្គម បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែសីហា តាមការបញ្ជារបស់លោក ហ៊ុន សែន ឲ្យចាប់ខ្លួន ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថាសន្ធិសញ្ញារំលាយព្រំដែន ប្រទេសទាំងពីរ។